0

ផន សុភាព ប្រធានការិយាល័យ​អប់រំ​ស្រុក​កូន​មុំ​នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ករណី​លោក ផន សុភាព ប្រធានការិយាល័យ​អប់រំ​ស្រុក​កូន​មុំ​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត កំពុង​ធ្វើ​ឲ្យ​គ្រូបង្រៀន​នៅ​ស្រុក​កូន​មុំ​ខេត្តរតនគិរី​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​អ្នកស្រី ច័ន្ទ ខាំ​ឃឿ ប្រធាន​មន្ទីរអប់រំ​និង​កី​ទ្បា​ខេត្តរតនគិរី មិន​ចាត់វិ​ធានការ​ទៅលើ​លោក ផន សុភាព នោះទេ ហើយ​នៅតែ​បណ្តោយ​ឲ្យ​លោក ផន សុភាព ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណុច​នេះ​ក្រុម​គ្រូបង្រៀន​ក្នុងស្រុក​កូន​មុំ​បាន​រិះគន់ថា​ទំនងជា​អ្នកស្រី ច័ន្ទ ខាំ​ឃឿ ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​បណ្តោយ​ឲ្យ​លោក​ផន សុភាព ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។

​លោកគ្រូ អ្នកគ្រូ​ជាច្រើន​នាក់​នៅក្នុង​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ដោយមាន​ការជួយ​បិទបាំង​ពី​អ្នកស្រី ច័ន្ទ ខាំ​ឃឿ ទើប​លោក ផន សុភាព និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្លាច​ចំណាត់ការ​កែទម្រង់​រប​ស់លោក ហង់ ជួនណា​រ៉ុ​ន ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​នោះទេ​។ ជាងនេះទៅទៀត នៅពេលដែល​ក្រុមអធិការកិច្ច​ក្រសួង​អប់រំ​ចុះទៅ​ស្រាវជ្រាវ​រាវ​ស្ទាប​រក​អំពើពុករលួយ​នៅក្នុង​មន្ទីរអប់រំ​ខេត្តរតនគិរី​និង​ការិយាល័យ​អប់រំ​ស្រុក​កូន​មុំ គឺ​គេ​គ្រាន់តែ​ចំណាយលុយ​ញ៉ុ​ក​មាត់​ក្រុមអធិការកិច្ច​ទាំងនោះ​ជាការ​ស្រេច​។ បញ្ហា​នេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ផន សុភាព​និង​បក្ខពួក​ដូចជា​ឈ្មោះ ឈី​វ គឹម​សាយ​, ឈ្មោះ វណ្ណ វុ​ធ និង​ឈ្មោះ សុំ ប៊ុន​នៃ កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​គ្រូបង្រៀន​បាន​លាតត្រដាង​ថា ក្នុងចំណោម​អំពើពុករលួយ​របស់លោក ផន សុភាព​និង​បក្ខពួក​មានដូចជា​ការ​ក្លែងបន្លំ​ហត្ថលេខា​គ្រូបង្រៀន​ក្នុង​ឆ្នាំ​២០១២-២០១៣ ដើម្បី​សុំ​ប្រាក់​ឧប​ត្ថម្ភ​ព្យាបាល​ជំងឺ​រាប់រយ​នាក់ ដោយ​គ្រូបង្រៀន​ទាំងនោះ​មិនបាន​ដឹងខ្លួន​ទាល់តែសោះ​។ គ្រូ​បង្រៀន​ដែល​គេ​ក្លែង​ហត្ថលេខា​នោះ​មានឈ្មោះ​ដូចជា ហ៊ឹម គឹម​សាន​, កែវ សុកន​, ទ្បា​យ សំណាង​, ឃុ​ត អឿន​, ពិ ចាន់​ធា​, យឹម ច័ន្ទ​សុភ​ក្ត្រ​, ខឿន សុភាព ជាដើម បើ​គិតពី​ថវិកា​គឺ​រាប់សិប​លាន​រៀល​ឯណោះ​។ បញ្ហា​នេះ​លោក ហង់ ជួនណា​រ៉ុ​ន ដែលជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កី​ទ្បា​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​ត្រូវតែ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​អ្នកស្រី ច័ន្ទ ខាំ​ឃឿ និង​លោក ផន សុភាព ព្រមទាំង​បក្ខពួក​ជាបន្ទាន់​៕

download

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com